គម្រោង​អគ្គិសនី​ថាមពលខ្យល់​សាងសង់​នៅ​បូក​គោ​ បាន​ទៅដល់​ក្រសួង​ថាមពល​


យោង​តាម​មន្រ្តី​ថាមពល​ជាន់ខ្ពស់​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ The​ Blue​ Circle​ Pte​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋាភិបាល​នៅ​ខែ​នេះ​ ដើម្បី​ពិភាក្សា​ពី​ផែនការ​សាងសង់​ស្ថានីយ​ថាមពល​អគ្គិសនី​ដោយ​ខ្យល់​នៅ​ក្នុង​ខេត្តកំពត​។

លោក​ Victor​ Jona​ អគ្គនាយក​នៃ​នាយកដ្ឋាន​ថាមពល​ នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​មានប្រសាសន៍​ថា​ក្រុមហ៊ុន​ Blue​ Circle​ ដែល​ទើបតែ​បញ្ចប់​ ការសិក្សា​ពី​លទ្ធភាព​លើ​គម្រោង​នានា​ក្នុង​ខេត្តកំពត​ និង​មណ្ឌលគីរី​ ដែល​ជា​បន្ទាប់​គ្រោង​នឹង​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​នៅ​ថ្ងៃទី​ ១៩​ ខែវិច្ឆិកា​ ដើម្បី​ពិភាក្សា​អំពី​តារាង​តំលៃ​ដែល​នឹង​ត្រូវ​ទូទាត់​ការ​ផ្គត់ផ្គង់​ថាមពល​ដល់​បណ្តាញ​អគ្គិសនី​រដ្ឋ​។

ក្រុមហ៊ុន​ដែល​មាន​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​ជាច្រើន​នៅ​អាស៊ី​អាគ្នេយ៍​នេះ​ គ្រោង​នឹង​សាងសង់​កង្ហារ​ទួ​រប៊ី​នយ៉ាង​ហោច​ណាស់​ ១០​ គ្រឿង​នៅ​លើ​ភ្នំបូកគោ​ ខេត្តកំពត​។ គម្រោង​នេះ​នឹងអាច​ផលិត​ថាមពល​បាន​រហូតដល់​ ៨០​ មេ​ហ្គា​វ៉ាត់​។

លោក​ Victor​ Jona​ បាន​ប្រាប់​កាសែត​ខ្មែ​រថា​មស៍​ថា​ “ក្រុមហ៊ុន​បាន​មើល​ឃើញ​សក្តា​នុ​ពល​នៃ​ការផលិត​ថាមពល​ពី​ខ្យល់​នៅ​លើ​ភ្នំបូកគោ​ ហើយក៏​ចង់​វិនិយោគ​សាងសង់​រោងចក្រ​មួយ​ដែល​នឹងអាច​ផលិត​ថាមពល​បាន​ ៨០​ មេ​ហ្កា​វ៉ាត់​” ។ លោក​បាន​កត់សម្គាល់​ថា​ ក្រុម​វិនិយោគិន​របស់​ក្រុមហ៊ុន​ Blue​ Circle​ មក​ពី​ប្រទេស​បារាំង​។

តាមរយៈ​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​កាលពី​ម្សិលមិញ​ លោក​ Varabott​ Ho​ នាយក​ក្រុមហ៊ុន​ The​ Blue​ Circle​ (Cambodia​) Co​ Ltd​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា​ ឥឡូវនេះ​ក្រុមហ៊ុន​កំពុងធ្វើការ​ងារ​ដើម្បី​គោរព​តាម​តម្រូវការ​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​។ ទោះជាយ៉ាងណា​លោក​មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​គម្រោង​ទាំងនោះ​ទេ​។

លោក​ Jona​ បាន​ប្រាប់​កាសែត​ខ្មែ​រថា​មស៍​ថា​ ការ​កសាង​ស្ថានីយ​ដែល​អាច​ផលិត​ថាមពល​បាន​ ១ មេ​ហ្គា​វ៉ាត់​មានតម្លៃ​ចន្លោះ​ពី​ ២ ទៅ​ ៣ លាន​ដុល្លារ​។

ប្រសិនបើ​គម្រោង​នេះ​ដំណើរការ​ដូច​ការ​គ្រោងទុក​ វា​នឹង​ក្លាយជា​គម្រោង​ដំបូង​គេ​នៅ​កម្ពុជា​។ លោក​ Jona​ មានប្រសាសន៍​ថា​រដ្ឋាភិបាល​ជឿជាក់​ថា​ ថាមពល​អគ្គិសនី​ដោយ​ខ្យល់​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ថ្លៃ​អគ្គិសនី​សម្រាប់​ប្រជាជន​កម្ពុជា​។

អគ្គិសនី​កម្ពុជា​បច្ចុប្បន្ន​ទិញ​ថាមពល​ពី​ស្ថានីយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ក្នុង​តម្លៃ​ ០.០៧៦​ ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​។

ក្រុមហ៊ុន​ Blue​ Circle​ Pte​ Ltd​ ជា​ក្រុមហ៊ុន​ផលិត​ថាមពល​ឯករាជ្យ​ ដែល​មាន​គម្រោង​ថាមពលខ្យល់​ និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​អាស៊ាន​ដូចជា​ ប្រទេស​ថៃ​ វៀតណាម​ និង​ប្រទេស​កម្ពុ​ជា​៕

The publish គម្រោង​អគ្គិសនី​ថាមពលខ្យល់​សាងសង់​នៅ​បូក​គោ​ បាន​ទៅដល់​ក្រសួង​ថាមពល​ appeared first on Khmer Instances.



Supply hyperlink

You might also like

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More